Copyright @ 2022 Comsenz Inc.
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបានស្នើសភាតំណាងប្រជាជនចិនខេត្តក្វាងតុងជំរុញវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជំនួបទ្វេភាគីរវាងសម្តេច ឃួន សុដារី និងលោក Chen Jiaquan ការលើកឡើងនេះគឺបានធ្វើឡើងនាឱកាសដែលសម្តេច ឃួន សុដារី កំពុងបំពេញទស្សនកិច្ចនៅចិននិងជួបពិភាក្សាការងារជាមួយលោក ឈិន ជាឈាន (Chen Jiaquan) អនុប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិនៃសភាតំណាងប្រជាជនចិនខេត្តក្វាងតុង ដែលបានអញ្ជើញមកទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាកម្ពុជានៅរសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ សម្តេច ឃួន សុដារី បានស្នើដល់ស្ថាប័នសភាខេត្តនេះជំរុញការធ្វើពាណិជ្ជកម្មនិងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធឡើង។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ដោយចាត់ទុកមិត្តភាពកម្ពុជា-ចិនជាគំរូនៃទំនាក់ទំនងអន្តរជាតិដែលឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា និង យោគយល់គ្នា ដើម្បីផលប្រយោជន៍រួម។ លោក ឈិន ជាឈាន បានគំាទ្រនូវការលើកឡើងរបស់សម្តេច ឃួន សុដារី លោកបានស្នើសុំគណៈប្រតិភូសភាខេត្តក្វាងតុងមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជានិងសភាតំណាងប្រជាជនចិនខេត្តក្វាងតុងឱ្យកាន់តែជិតស្និទ្ធនិងរឹងមាំបន្ថែមទៀត។ លោក ឈិន ជាឈាន ក៏បានគូសបញ្ជាក់ពីសក្តានុពលខ្ពស់ក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយសារខេត្តក្វាងតុងជាខេត្តនាំមុខគេរបស់ចិនលើការធ្វើពាណិជ្ជកម្ម ដោយរដ្ឋាភិបាលចិនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំជាងគេរបស់ចិននៅខេត្តក្វាងតុង ឈ្មោះថាតំបន់សេដ្ឋកិច្ចពិសេសតំបន់ហុងកុង ម៉ាកាវ ក្វាងតុង។ សម្តេច ឃួនសុដារី បានស្វាគមន៍ដោយក្តីរីករាយចំពោះដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូសភាតំណាងប្រជាជនខេត្តក្វាងតុងនាពេលខាងមុខនេះ ដើម្បីភ្ជាប់ទំនាក់ទំទងសភាកម្ពុជានិងសភាតំណាងប្រជាជនខេត្តក្វាងតុង។ សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍និងយកចិត្តទុកដាក់ ធានាការពារផលប្រយោជន៍អ្នកវិនិយោគទុនក្នុងស្រុកនិងបរទេស។ កម្ពុជាមានសុខសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ និងមានច្បាប់វិនិយោគ បទដ្ឋានគតិយុត្តជាច្រើនក្នុងការធានា ការពារ និង លើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់៕ |